
តូក្យូ ៖ ជប៉ុន នឹងសាកល្បង ការប្រើប្រាស់មនុស្សយន្ត ធ្វើការនៅក្នុងប្រតិបត្តិការនានា នៅឯអាកាសយានដ្ឋាន ចាប់ពីខែក្រោយ។
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន JAL និយាយ កាលពីថ្ងៃចន្ទថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់មនុស្សយន្ត ក្នុងប្រតិបត្តិការ នៅអាកាសយានដ្ឋាន Haneda នៃ ទីក្រុងតូក្យូ ចាប់ពីខែឧសភា ក្នុងការសាកល្បង រយៈពេល ពីរ ឆ្នាំ ជាមួយដៃគូបច្ចេកវិទ្យារបស់ខ្លួន រួមមាន GMO AI និង Robotics ។
មនុស្សយន្តនេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ ក្នុងកិច្ចការជាច្រើន ចាប់ពីការផ្ទុកឥវ៉ាន់ រហូតដល់ការសម្អាតកាប៊ីន ដើម្បីជួយកាត់បន្ថយបន្ទុកការងារ របស់បុគ្គលិកនៅក្នុងឧស្សាហកម្ម ដែលរងផលប៉ះពាល់ ដោយកង្វះកម្លាំងពលកម្ម។
បើតាម CNA,នៅពេលអនាគត មនុស្សយន្តទាំងនេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ ក្នុងកិច្ចការ កាន់តែជាច្រើន បន្ថែមទៀត។
តាមរយៈការសាកល្បងនេះ,ក្រុមហ៊ុនមានគោលបំណងបង្កើតបរិយាកាសមួយ ដែលមនុស្សយន្ត ធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព គាំទ្រការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៅក្នុងឧស្សាហកម្មអាកាសចរណ៍ និងលើកកម្ពស់ការផ្លាស់ប្តូរកន្លែងធ្វើការ នៅក្នុងអាកាសយានដ្ឋាន៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
微信扫一扫 立即联系我们