
ភ្នំពេញ៖ ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេរសំបុត្ររបស់បេក្ខជនសរុបចំនួន ២.៦៨៧ ដែលបានផ្ញើចូលរួមប្រកួតប្រជែងទាំង ២៥ រាជធានីខេត្តរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនោះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។ ក្នុងដំណាក់កាលទី២ គណៈកម្មការបានសម្ភាសន៍បេក្ខជនទាំង ១០រូប លើការ បកស្រាយពន្យល់ខ្លឹមសារនៃសំបុត្ររបស់បេក្ខជនទាំង ១០រូប ហើយគណៈកម្មការបានសម្រេចជ្រើសរើសសំបុត្ររបស់បេក្ខជនជ័យលាភីចំនួន ៣រូប ដូចខាងក្រោម៖
បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ១ កុមារី ហេង រក្សា មកពីអនុវិទ្យាល័យពងទឹក ខេត្តកែប
បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ២ កុមារី ឡូត សំរិទ្ធិការ្យ មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាជធានីភ្នំពេញ
បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ៣ កុមារី លី ធីតាវឌ្ឍនា មកពីសាលាពន្លឺវិជ្ជាអន្តរជាតិ ខេត្តកំពង់ចាម
នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពីលទ្ធផល នៃការប្រឡងប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបញ្ជូនសំបុត្រដែលទទួលបានជ័យលាភីលេខ១ ជាតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក UPU ចំនួន ១៩២ប្រទេស៕
ដោយ៖ង៉ាន់ ទិត្យ


微信扫一扫 立即联系我们