
ត្បូងឃ្មុំ៖សម្ដេចតេជោ ហ៊ុន សែន នាឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តត្បូងឃ្មុំ ដែលជាខេត្តមានច្រកព្រំដែន ជាមួយប្រទេសវៀតណាមផងនោះ សម្ដេចបានលើកឡើងពីការគាំទ្រ ដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ និងបានណែនាំមន្ត្រី រួមគ្នាទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬរត់គេចពន្ធជាដើម ។

មានប្រសាសន៍កាលព្រឹកថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំនេះសារជាថ្មី ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តត្បូងឃ្មុំ ទាំងអស់ ដែលបានខិតខំបំពេញការងារ បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេស ការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម ។

ជាខេត្តមានច្រកព្រំដែនជាមួយប្រទេសវៀតណាមផងនោះ សម្ដេចបានលើកឡើងពីការគាំទ្រ ដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ និងបានណែនាំដល់មន្ត្រីឱ្យរួមគ្នាទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬរត់គេចពន្ធជាដើម ។ជាមួយនេះ សម្តេច ក៏បានណែនាំឱ្យខិតខំគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ជាពិសេស ខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។

សម្តេចតេជោ ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលមានក្នុងមូលដ្ឋាន តាមរយៈការជួយយកអាសារគាត់ និងការចុះជួបសំណេះសំណាលពួកគាត់ រយៈកម្មវិធីផ្សេងៗជាដើម ។ សម្ដេច ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាធនធានធម្មជាតិ ដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នា ក្នុងការថែរក្សា ឱ្យបានគង់វង្ស ។

ទន្ទឹមនេះក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ និងបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យមានការថ្នាំងថ្នាក់ ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ។ ត្រូវបន្តយកចិត្ត ទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ជាពិសេស បង្ក្រាបឱ្យបាន នូវអំពើឆបោកតាមអនឡាញ (Scam Online) ។អាជ្ញាធរក៏ត្រូវយកចិត្តទុកដាក់ ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាពផងដែរ។
វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នៅខេត្តត្បូងឃ្មុំ គឺបន្ទាប់ពីមានជំនួបដូចគ្នានេះដែរនៅខេត្តកំពង់ចាម ដែលជាខេត្តជាប់គ្នា
កាលពីថ្ងៃសៅរ៍ទី២៥ ខែមេសា។

ដោយដាស់តឿនស្រដៀងនឹងខេត្តកំពង់ចាមដែរ សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគាបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥ ដែលធ្វើឱ្យមានបញ្ហាក្នុងមូលដ្ឋាន ៕
អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ







微信扫一扫 立即联系我们