
វ៉ាស៊ីនតោន ៖ ជំនួបកំពូល រវាងស្តេច Charles ទី៣ របស់ ចក្រភពអង់គ្លេស និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហាមឃាត់ មិនឲ្យក្រុមអ្នកកាសែត ចូលថតយកព័ត៌មាន ខណៈដែលមន្ត្រី ទីក្រុងឡុងដ៍ បារម្ភថា អាចមានទិដ្ឋភាពប្រកែកគ្នា ដូចកាលពីពេល មេដឹកនាំអ៊ុយក្រែន លោក ហ្សែលេនស្គី បានជជែកតឹងសរសៃក ដាក់គ្នា ជាមួយប្រធានាធិបតីអាមេរិក នៅឯសេតវិមាន កាលពីឆ្នាំមុន។
បើតាម Straitstimes,ស្តេច Charles ទី៣ របស់ចក្រភពអង់គ្លេស និង ម្ចាស់ក្សត្រី Camilla បានយាងទៅដល់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ដើម្បីចាប់ផ្តើមបំពេញព្រះរាជដំណើរទស្សនកិច្ច រយៈពេល ៤ថ្ងៃ នៅទីនោះ។
បើតាមកាសែត The Guardian,មន្ត្រីចក្រភពអង់គ្លេស បានជំរុញឱ្យរារាំងអ្នកសារព័ត៌មាន កុំឲ្យមានវត្តមាន អំឡុងកិច្ចប្រជុំ នៅឯការិយាល័យ Oval ក្នុងគោលបំណងសំខាន់ គឺដើម្បីចង់ជៀសវាង នូវរូបភាពដែលអាចកើតមានការប៉ះទង្គិចគ្នា ដូចករណី លោក Zelensky ដែលសំដៅទៅលើជំនួបកំពូល រវាង លោក Trump និង មេដឹកនាំអ៊ុយក្រែន រូបនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានស្រែកដាក់គ្នា យ៉ាងខ្លាំង នៅចំពោះមុខ ក្រុមអ្នកសារព័ត៌មាន។
បើតាម RT,លោក Trump និង អនុប្រធានាធិបតីអាមេរិក លោក J.D. Vance កាលណោះ បានស្តីបន្ទោស លោក Zelensky ជាសាធារណៈ ដោយចោទប្រកាន់ ប្រធានាធិបតីអ៊ុយក្រែនរូបនេះថា ជាមនុស្សមិនចេះដឹងគុណ ចំពោះជំនួយ ដែលអ៊ុយក្រែន ទទួលបានពីអាមេរិក ក្រោមរដ្ឋបាលមុន។
ជុំវិញបំរាមអ្នកកាសែតនេះដែរ,សេតវិមានបានបង្ហាញពីការយល់ស្រប ថា ជំនួបរវាងមេដឹកនាំទាំងពីរ គួរតែត្រូវបិទកាមេរ៉ា កុំឲ្យផ្តិតយករូបភាពវីដេអូ ឬ សម្លេង អំពីអ្វីដែលជជែកគ្នា ដើម្បីជៀសវាង នូវភាពអាម៉ាស់ ដ៏ខ្លាំងក្លាបំផុត ប៉ុន្តែ អាចថត ជារូបភាពសន្លឹកបាន៕
ប្រភពពី RT,ប្រែសម្រួល ៖ សារ៉ាត

微信扫一扫 立即联系我们